កំបោរធ្មេញ (Plaque) និងកំណកធ្មេញ (Tartar) ខុសគ្នាត្រង់ណា?
Plaque ជាស្រទាប់ទន់ដែលអាចសំអាតបានរាល់ថ្ងៃ។ បើវារឹងក្លាយជា Tartar ការដុសធ្មេញធម្មតាមិនអាចយកវាចេញបានទេ។

អត្ថបទពេញ
យើងតែងឮពាក្យពីរនេះ ពេលនិយាយពីការសំអាតធ្មេញ ប៉ុន្តែមនុស្សជាច្រើនយល់ថាវាជារឿងតែមួយ។ តាមពិត វាជាដំណាក់កាលពីរផ្សេងគ្នា ហើយការយល់ឲ្យច្បាស់ អាចជួយឲ្យយើងថែទាំធ្មេញបានល្អជាងមុន។

កំបោរធ្មេញ (Plaque) ជាស្រទាប់ទន់
វាជាស្រទាប់ស្អិតទន់ ដែលមានមេរោគ (Bacteria)។ វាកើតឡើងរាល់ថ្ងៃ ជាពិសេសក្រោយពេលញ៉ាំអាហារ។ នៅដំណាក់កាលនេះ យើងនៅអាចយកវាចេញបាន ដោយការដុសធ្មេញ និងសំអាតចន្លោះធ្មេញ។

កំណកធ្មេញ (Tartar) ជាស្រទាប់រឹង
បើកំបោរធ្មេញសល់យូរ មិនបានសំអាតចេញ វាអាចរឹងក្លាយជាកំណកធ្មេញ។ ពេលវារឹងហើយ ការដុសធ្មេញធម្មតាមិនអាចយកវាចេញបានទេ។ ត្រូវការការសំអាតធ្មេញ (Scaling) ដោយពេទ្យធ្មេញ (Dentist)។
ហេតុអ្វីត្រូវចាប់អារម្មណ៍?
- កំណកធ្មេញអាចធ្វើឲ្យអញ្ចាញរលាក និងហូរឈាម។
- វាក៏អាចបង្កក្លិនមាត់ផងដែរ។
- បើទុកយូរ វាអាចនាំទៅរកបញ្ហាអញ្ចាញធ្ងន់ជាងមុន។

អ្វីដែលអ្នកគួរចងចាំ
បើអ្នកឃើញស្រទាប់រឹង ឬពណ៌លឿងជុំវិញគល់ធ្មេញ ឬមានក្លិនមាត់ អញ្ចាញហូរឈាម ការឲ្យពេទ្យធ្មេញពិនិត្យ អាចជួយឲ្យដឹងថាត្រូវសំអាតធម្មតា ឬត្រូវការការថែទាំបន្ថែម។
- ដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ និងសំអាតចន្លោះធ្មេញរាល់ថ្ងៃ។
- ការដុសធ្មេញល្អអាចជួយសំអាតកំបោរធ្មេញ ប៉ុន្តែមិនអាចយកកំណកធ្មេញដែលរឹងហើយចេញបានទេ។
- ការពិនិត្យ និងសំអាតធ្មេញទៀងទាត់ អាចជួយរក្សាធ្មេញ និងអញ្ចាញឲ្យស្អាត។
ព័ត៌មាននេះជាចំណេះដឹងទូទៅ និងមិនជំនួសការពិនិត្យ ឬការណែនាំផ្ទាល់ពីគ្រូពេទ្យធ្មេញដែលបានពិនិត្យករណីរបស់អ្នកទេ។



